ជប៉ុន​ផ្ដល់​ជំនួយឥតសំណង ៣៥លាន​ដុល្លារ សម្រាប់ធ្វើ​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រឈម​ទឹកជំនន់​ខ្លាំង​ចំនួន ៧ កន្លែង

ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន កំពុងផ្ដល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រ​ឈ​ម​នឹង​ទឹកជំនន់​ដែល​សាងសង់​ស្ពាន​ចំនួន ៧កន្លែង​ស្ថិតនៅ​ខេត្តព្រៃវែង និង​ខេត្តក្រចេះ​ចំណាយ​ថវិកា​ប្រមាណ ៣៥លាន​ដុ​ល្លារ​អាមេរិក និង​ផ្លូវជាតិ​លេខ៥ ក្នុង​ទំហំ​ថវិកា​ប្រមាណ ៥០០លាន​ដុល្លារ​ទៀត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​នៅ​ថ្ងៃទី ១២ខែតុលា​នេះ​ថា បច្ចុ​ប្ប​ន្ននេះ ជប៉ុន​កំពុង​ផ្ដល់ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រឈម​នឹង​ទឹក​ជំ​ន​ន់​ដែល​សាងសង់​ស្ពាន​ចំនួន ៧កន្លែង​ស្ថិតក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ចំណាយ​ថវិកា​ប្រមាណ ៣៥លាន​ដុល្លារ​អា​មេ​រិក និង​ផ្លូវជាតិ​លេខ៥ ប្រវែង​សរុប ៣៦៦គីឡូម៉ែត្រ ក្នុង​ទំហំ​ថវិកាប្រមាណ៥០០លានដុល្លារអាមេរិក។

លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង​មាន​សក្ដានុពល​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​​អភិវឌ្ឍ​កម្ពុជា។

លោក​បន្តថា ជំនួយ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​រួមមាន ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និង​ផ្លូវ​​ជា​តិ​លេខ១ ប្រវែង​សរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១លាន​ដុល្លារ អាមេរិក ស្ពាន​គី​ហ្សូ​ណា និង​ស្ពា​ន​ត្សឹ​​បា​សា​ប្រវែង​សរុប ៣៥៧៥ ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ១៨៦ លាន​ដុល្លារ​អាមេរិក និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប១០៨០ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក។

លើសពីនេះ ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន១៥គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់ ៥០០ លាន​យ៉េន​ជប៉ុន ស្មើ​នឹងប្រមាណ ៤,៥ លាន​ដុល្លារ​អាមេរិកតាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។

លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃទី១២ ខែតុលា​នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រ​សាងសង់ ដែលជា​ជំនួយ​ឥត​សំ​​ណង​របស់​ប្រទេស​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ត​រ​ជា​តិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន Marubini Protechs (TBC) ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើ​ន​​ទៀត៕