អាជ្ញាធរខេត្តកំពង់ធំ គ្រោងយក​សួន​មាត់​ស្ទឹងសែន បង្កើតជា​ផ្សារ​រាត្រី

កំពង់ធំ​៖ នៅក្នុង​ទិវា​ពិភពលោក​ស្អាត និង​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ កាលពីថ្ងៃទី១៤ ខែតុលានេះ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បានលើកឡើងថា ផ្សារ​រាត្រីនៅតាម​បណ្តោយ​ដងស្ទឹង​សែន​ក្នុងខេត្តកំពង់ធំ នឹងចាប់ផ្តើមបង្កើតឡើងនាពេលដ៏ខ្លីខាងមុខ។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បានបញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់ធំ គ្រោង​រួច​ជា​ស្រា​ច់នឹង​បង្កើតជា​ផ្សារ​រាត្រី នៅលើ​សួន​មាត់​ស្ទឹងសែន ផ្នែក​ខាងកើត​ស្ពាន​ស្ទឹងសែន ក្រោយពី​ការរៀប​សាងសង់ និង​កែលម្អ​បរិវេណ​ច្រាំង​ស្ទឹងសែន​រួចរាល់​។


លោក បានថ្លែងបន្តថា ក្រោយ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ខេត្តនឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​បង្កើន​ការ​សាងសង់​ច្រាំង​ស្ទឹងសែន​ឲ្យ​បាន​លឿន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ លោកអះអាងថា ផ្សារ​នេះ​នឹង​ធ្វើ​ឲ្យ​ទី​រួម​ខេត្ត​កំពង់ធំ កាន់តែ​មាន​ភាព​អ៊ូអរ​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​មក​ស្នាក់នៅ និង​ទស្សនា​នៅ​តាម​រមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ។


លើសពីនេះ ផ្សារនេះ បង្កើតឡើង ក៏ដើម្បី​ត្រៀមខ្លួន​ប្រារព្ធ​កម្មវិធី បុណ្យ​ទន្លេ​សម្រាប់​ខេត្តកំពង់ធំ នៅ​ឆ្នាំ​២០២២ បន្ទាប់ពី​ខេត្តសៀមរាបផងដែរ ​ខណៈ ​លក្ខខ័ណ្ឌ ទីក្រុង​ស្អាត​ទទួលបាន​រំដួល​បី​ទង ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​២០២២​ខាង​នេះ​ដូចគ្នា​។ ការ​បង្កើតជា​ផ្សារ​រាត្រី​នៅ បណ្តោយ​ដងស្ទឹង​សែន នឹង​បង្កើន​សម្រស់​របស់​ខេត្ត កាន់តែ​ស្រស់ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ស្នាក់នៅ និង​ទស្សនា នៅតាម​រមនីយដ្ឋាន​ទាំង​១១​ក្នុង​ខេត្តកំពង់ធំ​កាន់តែច្រើន៕