រដ្ឋាភិបាលបញ្ជាឲ្យដាក់គ្រូពេទ្យប្រចាំការនៅតំបន់រងគ្រោះដោយទឹកជំនន់ឲ្យបានគ្រប់គ្រាន់

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេច ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។យ៉ាងណា សម្តេច ក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។

លើសពីនេះទៅទៀត សម្ដេច ក៏បានណែនាំទៀតថា បន្ទាប់ពីជម្លៀសប្រជាជនមកកាន់កន្លែងមានសុវត្ថិភាពហើយ ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យគ្រប់ពេលទាំងអស់ មិនឲ្យខ្វះខាតនោះឡើយ៕