មន្រ្តីនាំពាក្យ៖ ផ្លូវថ្នល់ប្រមាណ ១១០ ខ្សែទូទាំងប្រទេសកំពុងរងគ្រោះពីការ​វាយលុក​ដោយ​ទឹក​ជំនន់​

គិតមកទល់ពេលនេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រមាណ ១១០ខ្សែផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រុង បានរងការប៉ះពាល់ សរុប ២៤៩កំណាត់ មានប្រវែង ៣៤១គម នៅក្នុង ១៨រាជធានី-ខេត្ត។ នេះបើ របាយការណ៍គិតត្រឹមថ្ងៃទី១៥ តុលា ២០២០។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិ ផ្លូវ ខេត្ត សរុប ក្រោមការគ្រប់គ្រង ក្រសួងយើងខ្ញុំមានប្រមាណ ១៦ ៦០០ គម សម្រាប់ផ្លូវប្រមាណ ៣៤១គម នេះ ស្មើប្រមាណ ២%។ យើងក្តាប់បានតួលេខ ហើយក៏ត្រៀមខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ក្រោយស្ថានភាពទឹកជំនន់ត្រូវបញ្ចប់។

ជុំវិញ​ការ​វាយលុក​ដោយ​ទឹក​ជំនន់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​នេះដែរ​ នៅគ្រាដែល លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៣, ២, ២០, ៤១ និង ផ្លូវជាតិលេខ៤ នាថ្ងៃទី១៦ តុលា ២០២០នេះ ក៏បានលើក​ឡើងដែរ​ថា ដើម្បីធ្វើការដោះស្រាយកាត់បន្ថយ ទប់ស្កាត់ផលប៉ះពាល់ និងត្រៀមស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធស្ពានថ្លល់ របស់យើងឱ្យមានភាពប្រសើរឡើងវិញបន្ទាប់ពីការប៉ះពាល់ពីទឹកជំនន់នេះ៕