មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមផែនការស្តារឡើងវិញនូវវិស័យមួយចំនួន ក្រោយជំនន់ទឹកភ្លៀងស្រក

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា បានឲ្យដឹងថា គណៈកម្មាធិការបានត្រៀមផែនការក្នុងស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធមួយចំនួន ក្រោយពីជំនន់ទឹកភ្លៀងស្រក នៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។

លោក ឃុន សុខា បានឱ្យដឹងថា នៅពេលទឹកជំនន់ស្រកទៅវិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀចំផែនការស្តារឡើងវិញ ទៅលើហេដ្ឋារចនាសម័្ពន្ធ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយបានបញ្ចូលទៅក្នុង កម្មវិធីអភិវឌ្ឍន៍នានារបស់ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យទៅថ្ងៃអនាគត។ លោកបន្ថែមថា ចំពោះការស្តារឡើងវិញ រាល់ការខូចខាត គឺក្រសួងស្ថាប័នជំនាញជាអ្នកទទួលខុសត្រូវ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។

លោកថា កាលពីកន្លងថ្មីទៅៗនេះ ប្រមុខរាជរដ្ឋាភិបាលបង្កើនថវិកាជាតិប្រមាណ ១៦០លានដុល្លារ នៅឆ្នាំ២០២១ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ហើយចំពោះការស្តារ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនេះ នឹងជួយបង្កើតការងារបានជាង ១លានកន្លែង នៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៤ខែតុលាបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ៤សែននាក់ត្រូវទទួលរងផលប៉ះពាល់ ពីគ្រោះជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋដែលជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាង ៤ម៉ឺននាក់ លំនៅឋានប្រមាណជា៦ពាន់ខ្នងត្រូវរងផលប៉ះពាល់ចំនួន ៦៣ខ្នងត្រូវខូតខាត ទាំងស្រុង សាលារៀនដែលរងផលប៉ះពាល់មានចំនួន៧០០កន្លែង ស្រូវដែលលិចលង់ប្រមាណ៣៣២ពាន់ហិកតា និង ដំណាំរួមផ្សំជាង៨ម៉ឺនហិកតា។ ក្រៅពីនោះ ហេដ្ឋារចនាសម័្ពន្ធផ្លូវជាតិនិងផ្លូវខេត្តដែលត្រូវទទួលរងផលប៉ះពាល់ មានប្រវែង៤៦៥គីឡូម៉ែត្រ និងច្រាំងទន្លេដែលបាក់ស្រុតមានប្រវែង១៥០០ម៉ែត្រ៕