រដ្ឋាភិបាល ស្នើក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ

ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ ដែលតភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី ត្រូវបានប្រមុខរដ្ឋាភិបាល បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នហើយ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ទន្ទឹមគ្នានេះ ដើម្បីកុំអោយដាច់សេវាពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ សម្តេច ក៏បានស្នើឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនោះផងដែរ។

សម្តេច ហ៊ុន សែន បានលើកឡើងថា តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេច បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលនៅតំបន់នោះ គឺកំពុងមានការកក់ស្ទះជាខ្លាំង។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវាពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលនឹងក្លាយជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ស្ពានអាកាស និងផ្លូវក្រោមដីនេះ គឺសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាយពេលសាងសង់ ៣០ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អះអាងថា នៅពេលស្ពានអាកាសទី៦ ត្រង់ចំនុចរង្វង់មូលចោមចៅ បានសាងសង់រួចហើយ បញ្ហានៃការកកស្ទះចរាចរណ៍ នឹងត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅពេលខាងមុខយើងនឹងមានការសាងសងស្ពានអាកាសថ្មីៗថែមទៀតនៅទីក្រុងភ្នំពេញ៕