រស្ស៊ីកំពុងពិនិត្យលទ្ធភាពផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា

អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលជំងឺនេះ។ទន្ទឹមគ្នានេះ លោកអគ្គរដ្ឋទូតរុស្សី ក៏បានអះអាងថា ប្រទេសរស្ស៊ីក៏កំពុងពិនិត្យលទ្ធភាពផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាផងដែរ។

ការឡើងនេះ ខណៈលោក Anatoly BOROVIK អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងគួរសមជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧តុលា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដូចជាជំងឺរាតត្បាតកូវីដ១៩ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់សហព័ន្ធរុស្ស៊ី។

នាឪកាសនោះ អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ក្រៅពីអះអាងថា ប្រទេសរស្ស៊ីក៏កំពុងពិនិត្យលទ្ធភាពផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ជាងនេះទៀតភាគីរុស្ស៊ីនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជូនកម្ពុជា ជាពិសេសដល់កងកម្លាំងនគរបាលក្រសួងមហាផ្ទៃតាមរយៈបណ្ដាញអនឡាញថែមទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា បញ្ហាជំងឺកូវីដ១៩បានបង្កជាឧបសគ្គនៃទំនាក់ទំនងនានា រាប់ទាំងជាមួយរស្ស៊ីក្ដី ក៏ប៉ុន្តែប្រទេសទាំងពីរនៅតែខិតខំបន្តនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសម្ដេចក៏បានកោតសរសើរភាគីរុស្ស៊ី ដែលបានផលិតនូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩មុនគេ និងទទួលបានការបញ្ជាទិញជាច្រើន ជាពិសេសពីប្រទេសឥណ្ឌា។

ជាងនេះ សម្តេច ក៏បានថ្លែងបញ្ជាក់ថា«ខ្ញុំពិតជារីករាយបន្ទាប់ពីបានទទួលដំណឹងថាភាគីរុស្ស៊ី ជាពិសេសក្រុមអ្នកជំនាញរុស្ស៊ី កំពុងសិក្សាជាមួយអ្នកជំនាញនៅកម្ពុជាស្ដីពីលក្ខណៈពិសេសៗនៃជំងឺកូវីដ-១៩ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺមួយនេះ»។

ជាមួយគ្នាផងដែរ សម្ដេចក៏បានបង្ហាញការឯកភាពចំពោះអ្វីដែល ឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី និងជំរុញឱ្យមន្ត្រីជំនាញភាគីទាំងពីរពន្លឿនការបញ្ចប់នីតិវិធីឈានទៅចុះហត្ថលេខាលើកិច្ចប្រព្រមព្រៀងផ្សេងៗទៀត។

គួរជម្រាប់ថា ប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា មូលនិធិវិនិយោគរបស់រុស្ស៊ី (RDIF) បានដាក់ពាក្យស្នើសុំទៅកាន់អង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Sputnik V។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០៕