កម្ពុជា កំពុងសិក្សាគម្រោងសំខាន់ៗចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមច្រកទ្វារអន្តរជាតិ

រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាកំពុងសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ការរៀបចំសំណើគម្រោង ធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប” និងពិភាក្សាស្វែងរកដំណោះស្រាយកំពុងប្រឈម សំដៅឱ្យគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។

នាឪកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។

លោកបានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញធ្វើឡើង ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងលើសកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានោះផងដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសារទរចំពោះការខិតខំប្រឹងប្រែងទាំងនេះ។ ដោយឡែកទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម លោកបានមានប្រសាសន៍ថា គម្រោងបន្ទាន់ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត និងឱ្យបានទាន់ពេលវេលា។ ចំណែកឯ គម្រោងសម្រាប់រយៈពេលខ្លី និងមធ្យម លោក បានផ្ដល់គោលការណ៍ឱ្យសិក្សាឱ្យកាន់តែលម្អិតបន្ថែមទៀត៕