រដ្ឋមន្ត្រី៖ វិបត្តិកូវីដ១៩ ជាឱកាសពង្រឹងគុណភាពផលិតផលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា នាពេល​បច្ចុប្បន្ន ក្រសួងទេសចរណ៍​កំពុង​ខិតខំ​កែប្រែ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ទៅជា​ឱកាស​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក និង​ផ្សព្វផ្សាយ​សុវត្ថិភាព​ទេសចរណ៍​ទៅកាន់​អន្តរជាតិ។

លោក​ថ្លែងថា ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ-១៩នេះ ក្រសួងទេសចរណ៍​កំពុង​ខិតខំ​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក ជាមួយនឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល។ លោក​ថា ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ការបើក​ឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​នេះ មិនអាច​ប្រាសចាក​ពី​ការណែនាំ នូវ​សុវត្ថិភាព​ទេសចរណ៍​ទាំងនេះ​បានឡើយ។

លោក​បន្តថា មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ទើបតែ​ចូលរួម​ក្នុង​យុទ្ធនាការ​ខាងលើ​បានតែ ៣៦% ប៉ុណ្ណោះ​ទេ ដែល​ការជំរុញ​នេះ​ហាក់ដូចជា​ការប្រឡងប្រណាំង​ដែរ។ មូលដ្ឋាន​អាជីវក​ម្មណា​ដែល​បាន​ឆ្លើយតប ទៅនឹង​វិធាន​សុវត្ថិភាព​នេះ ក្រសួង​នឹង​ប្រគល់​ឡា​ប៊ែ​ល​ជូន ប៉ុន្តែ​មូលដ្ឋាន​អាជីវកម្ម ដែល​បានទទួល​ឡា​ប៊ែ​ល​នេះ​ទៀតសោត ក៏​ទើបតែ​បាន ១៦% ប៉ុណ្ណោះ ដូច្នេះ​ក្រសួងទេសចរណ៍​នឹង​បន្ត​ខិតខំ ជំរុញ​ការប្រឡងប្រណាំង​នេះ​បន្ថែមទៀត។

បើតាម​លោក​រដ្ឋមន្ត្រី ថោង ខុន ជា​ទិសដៅ​របស់​ក្រសួងទេសចរណ៍​ក្នុង​ឆ្នាំ២០២១ ខាងមុខ គឺ​ធ្វើយ៉ាងណា​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ទទួលបាន​ឡា​ប៊ែ​ល​ឱ្យបាន​ប្រមាណ ៧០% ហើយ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ល្អ ដោយហេតុថា​កាលណា​មូលដ្ឋាន​អាជីវកម្ម​អនុវត្តតាម​ខ្ជាប់ខ្ជួន វា​នឹង​បង្កើតបាន​គោលដៅ​សុវត្ថិភាព​ដ៏​ល្អ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ជឿជាក់ និង​ដើម្បី​បង្ហាញ​ទៅកាន់​អន្តរជាតិ​ឱ្យគេ​ឃើញ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ហើយ​គេ​នឹងមាន​ភាពកក់ក្ដៅ​ចំពោះ​គោលដៅ​ទេសចរណ៍​កម្ពុជា​ផងដែរ។

លោក ថោង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «យើង​យក​ឱកាស​ពី​បញ្ហា​កូ​វីដ​នេះ ដើម្បី​ពង្រឹង​នូវ​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក ទោះបីថា​យើង​មិនទាន់​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ក៏ដោយ ហើយ​យក​ឱកាស​នៃ​ការទទួល​ទេសចរ​ក្នុងស្រុក​នេះ ទៅជា​ឱកាស​សម្រាប់​ពង្រឹងគុណភាព និង​បង្កើត​ផលិតផល​ទេសចរណ៍ថ្មី»។

តាម​ការកត់សម្គាល់រ​ប​ស់លោក ថោង ខុន ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយចំនួន ឆ្លៀត​ពេលដែល​ខ្សត់​ភ្ញៀវ​នេះ ពួកគេ​បាន​ខិតខំ​កែលម្អ​មូលដ្ឋាន​របស់​ឱ្យមាន​គុណភាព សោភ័ណភាព​ឱ្យ​កាន់តែ​ល្អ​ជាង​មុន ដោយ​ពួកគេ​ក៏មាន​ទទួលភ្ញៀវ​ក្នុងស្រុក​ផង ហើយ​នៅពេល​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រលប់មក​ទស្សនា​កម្ពុជា​វិញ ពួកគេ​គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច។

សូមជម្រាបថា ក្រសួងទេសចរណ៍​បាន​វាយតម្លៃ​ស្ថានភាព​ទេសចរណ៍​កម្ពុជា​នឹង​វិល​ត្រលប់មក​ប្រក្រតីភាព​ឡើងវិញ តាម​សេណា​រី​យ៉ូ​ចំនួន ២៖ សេណា​រី​យ៉ូ​ទីមួយ ប្រើ​រយៈពេល ៣ឆ្នាំ (២០២០-២០២៣) និង​សេណា​រី​យ៉ូ​ទី​ពីរ ប្រើ​រយៈពេល៥ឆ្នាំ (២០២០-២០២៥)៕