ក្រសួង​ទេសចរណ៍កំពុងកំណត់គោលការណ៍ធ្វើឱ្យទីក្រុងសៀមរាបក្លាយជា​ទីក្រុងវៃឆ្លាត (​Smart City​) ដំបូងគេនៅកម្ពុជា

សៀមរាប៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហើបនូវគោលនយោបាយមួយដែលជាផែនការធ្វើ​ឱ្យទីក្រុងសៀមរាបក្លាយជាទីក្រុងវៃឆ្លាត (Smart City) ដោយក្រសួងកំពុងណែនាំនូវគោ​ល​កា​រណ៍ទីក្រុងវ័យ​ឆ្លាត​សម្រា​ប់កំណត់ជាអាទិភាព​ការអភិវឌ្ឍទីក្រុងថ្មី។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញពី​គោលនយោបាយនេះនៅក្នុងកិច្ចប្រជុំមួយកា​ល​ពី​ពេ​​ល​ថ្មី​ៗ​នេះស្តីអំពីការអភិវឌ្ឍទីក្រុងសៀមរាប ដែលពេលនេះកំពុងតែរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី។

លោកបានថ្លែងថា ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោ​លទីក្រុ​ងទាំ​ងមូលអាចនឹងត្រូវសិក្សារចនាច្បាស់លាស់។

ដោយឡែកទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប លោករដ្ឋមន្រ្តីបានអះអាងថា ជំនាញបា​ន​ដា​ក់​​ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែ​សម្រួ​ល​ឱ្យ​វាខ្លី​ជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យ។

លោក​បន្តថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ធំៗ​បន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែល​មាន​ស្រា​ប់ អាច​នឹងត្រូ​វបានបង្កើតឡើង។ ក្នុងនោះរួមមា​នតំប​ន់​បឹ​ង​ទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និង​ទី​ក្រុ​​ងសៀ​មរា​ប​ថ្មី​។

ផែនការអភិវឌ្ឍន៍ទីក្រុងវ័យឆ្លាតនេះ គឺជាផែនការដែលកម្ពុជានៅក្នុងនាមជារដ្ឋសមាជិកអាស៊ាន យល់ព្រមប្រតិ​ប​ត្តិ​តា​មការសម្រេចដោយមេដឹកនាំអាស៊ានកាលពីពេលកន្លង នៅក្នុងកិច្ចប្រជុំកំពូលមួយដែលសិង្ហបុរី គឺជា​ម្ចាស់​ផ្ទះ​៕