ទារកអាយុ៧ខែម្នាក់ឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ភ្នំពេញ៖ នៅថ្ងៃទី ១ ធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីវជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៣នាក់ ដោយក្នុងនោះមានម្នាក់ជាទារកប្រុសអាយុ៧ខែដែលឆ្លងពីម្តាយ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ទារកអាយុ៧ខែម្នាក់ឆ្លងកូវីដ-១៩ មានទីលំនៅនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ២៥ឆ្នាំ និងទារកប្រុសអាយុ៧ខែ ជាជនជាតិខ្មែរ លទ្ធផលតេស្តរនៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលមិត្តភាពខ្មែរ-សូវៀត។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕