រដ្ឋាភិបាល៖«បវេសនកាលថ្មី ក្រោមទស្សនៈទានថ្មី គឺគន្លងថ្មីក្នុងវិស័យអប់រំ»

នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងសារអបអរសាទរចំពោះការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២០-២០២១ ដែលប្រារព្ធឡើងនៅថ្ងៃចន្ទនេះក្រោយ ពន្យារពេលជាច្រើនលើកដោយសារតែការីករាតត្បាតនៃជំងឺកូវីដ-១៩ ។

ក្នុងសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីអាណាព្យាបាលសិស្សសប្បុរសជនគណៈគ្រប់គ្រងសាលាជាពិសេសលោកគ្រូអ្នកគ្រូដែលបាន ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការនៃការអប់រំក្នុងបរិបទកូវីដ-១៩ដែលជាជំងឺរាតត្បាត សកល ។

សម្តេចមានប្រសាន៍ថាថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺនេះយ៉ាងណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជានៅតែ ប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីឆ្នាំ២០២០-២០២១ក្រោមទស្សនៈទានថ្មីគឺគន្លងជីវិតថ្មីក្នុងវិស័យអប់រំ ។

ទន្ទឹមនឹងនេះ សម្តេចតេជោបានផ្តាំផ្ញើដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីសហគមន៍និងប្រជាពលរដ្ឋ គ្រប់រូបត្រូវយកចិត្តទុកដាក់និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀនដូចជាការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្តនិងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ។

សម្តេចបន្តថារីឯគ្រប់ស្ថានីយវិទ្យុទូរទស្សន៍របស់រដ្ឋនិងឯកជននិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនឹងបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំ ។ពិសេស ការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀនដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែងគ្រប់ពេល វេលាស្របទៅ នឹងទស្សនាទាននៃការអប់រំពេញមួយជីវិត ៕