
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករានេះ បានបញ្ជាកម្លាំងនគរបាលទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំៗដែលមានបំពង់ស៊ីម៉ាំងលឺខ្លាំងជាបណ្ដោះអាសន្ន ដើម្បីចៀសវាងការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋមួយចំនួន។
លោក ស ថេត បានបញ្ជាក់ក្នុងសារសំឡេងផ្ញើទៅកាន់មន្រ្តីនគរបាលរាជធានីភ្នំពេញថា ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។
លោកបានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដងដែលជាការខុសពីបទបញ្ជា។
លោកថា៖«តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី […] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»។
គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ។
ការដាក់បទបញ្ជារបស់សម្ដេច ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំលេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំលេងបំពុងស៊ីម៉ាំងនេះ៕