
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី ១២ ខែមករានេះបានហាមមិនឱ្យមន្រ្តីជំនាញ និងអាជ្ញាធរកាប់ដើមឈើចំនួន ៣ ដើម ដែលមានអាយុកាលជាង ៣០០ ឆ្នាំដែលស្ថិតនៅតាមបណ្តោយសួនផ្លូវភ្លោះនៅមុខមន្ទីរពេទ្យអង្គដួង ឬសួនកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឱ្យទីក្រុងក្លាយជាទីក្រុងបៃតង និងបរិស្ថានល្អ។
លោក ឃួង ស្រេង បានបញ្ជាក់ក្នុងការចុះពិនិត្យមើលស្ថានភាពដើមឈើទាំង ៣ដើមជាក់ស្តែងថា ការសម្រេចឱ្យរក្សទុកនេះ បន្ទាប់ពីពិនិត្យឃើញថាដើមឈើទាំង៣ដើមនេះអាចនៅបន្តឈរទៀតបាន។ លោកបានប្រាប់ឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេងថ្លែងថា៖ «សម្រាប់នៅក្នុងរាជធានីភ្នំពេញ គឺគ្មានការកាប់ដើមឈើណាមួយយកចេញនោះទេ ប៉ុន្តែអាជ្ញាធរមានតែដាំដើមឈើថ្មីបន្ថែម ដើម្បីឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ»។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកាលពីថ្ងៃទី ៨ ខែមករា បានឱ្យដឹងថា អាជ្ញាធរាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចកាត់បានយកចេញនូវដើមឈើចំនួន ៣ ដើមនេះ ហើយដាំដើមឈើថ្មីជំនួសវិញ។
លោកថា ដើមឈើធំៗនៅសួនផ្លូវភ្លោះកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម ដោយក្នុងនោះ ដើមឈើធំៗចំនួន ៣ ដើមនេះមានសភាពពុកគល់ ប្រហោងក្នុងដែលអាចនឹងបង្កឱ្យមាការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុណាមួយកើតឡើង៕