ពលករខ្មែរធ្វើការនៅថៃ ត្រឡប់មកកម្ពុជាវិញកើន ឡើងរហូតជាង១៣ម៉ឺននាក់

ក្រសួងមហាផ្ទៃ ៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ម្សិលមិញ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្សបានឱ្យដឹងថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកកម្ពុជាវិញកើនឡើងជាង១៣ម៉ឺននាក់ ហើយពលករទាំងអស់នោះត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងការព្រួយបារម្ភចំពោះការជួញដូរមនុស្សលើពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ជាងមួយលាននាក់ទាំងស្របច្បាប់និងមិនស្របច្បាប់។

ដោយឡែកលោកស្រីបន្តថា ពលករខ្មែរដែលកំពុងបន្តស្នាក់នៅប្រទេសថៃពួកគេអាចប្រឈមនឹងការចាញ់​បោក​មេខ្យល់មួយចំនួនតូចក្នុងអំឡុងពេលពួកគាត់មិនអាចដើរចល័តរកការងារធ្វើបាននៅក្នុងប្រទេសថៃ។ ខណ:ប្រទេសនេះកំពុងផ្ទុះរីករាលដាលខ្លាំងនូវជំងឺកូវីដ១៩។

លោកស្រី បានអះអាងថានាពេលបច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជាបានសហការគ្នាជាមួយសមត្ថកិច្ចថៃកំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ដែលបោកប្រជាពលរដ្ឋខ្មែរឲ្យផ្សងគ្រោះថ្នាក់ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលប្រទេសថៃបានរឹតត្បិតការដើរចល័តរបស់ពលករបរទេសនោះ ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃមកកម្ពុជាវិញត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ចំនួន៣៣នាក់ ខណៈ អ្នកផ្សេងទៀតកំពុងបន្តធ្វើចត្តាឡីស័ក៕