
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ដែលត្រូវថ្ងៃ ៧មករា ត្រូវបានកំណត់យកសម្រាប់លើកលែងទោស និងបន្ធូបន្ថយទោសប្រចាំឆ្នាំដែរ។
ព្រះរាជក្រឹត្យនេះ មានគោលដៅកំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
ព្រះរាជក្រឹត្យក៏មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
តាមរយៈព្រះរាជក្រឹត្យនេះ ជារៀងរាល់ឆ្នាំពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតបានមានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា ទី១-ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ទី២-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទី៣-ពិធីបុណ្យវិសាខបូជា ទី៤-ពិធីបុណ្យឯករាជ្យជាតិ និងទី៥-ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕