
រាជធានីភ្នំពេញ៖ អនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំ
ដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករានេះបានដំណើរការកាប់លះមែក ឈើធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ាមុខមន្ទីរ ពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ ។
លោក សំ សាមុត បានឱ្យដឹងថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះ អង្គឌួងនេះ មានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅពីនេះមានដើមគគីរ ឥន្ទនេល និងឈើទាល។ដើមឈើធំៗនេះចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។
លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងជាមួយ នឹងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការ៉ូឡា។ ការងារនេះ នឹងប្រើប្រាស់ពេលវេលាយូរបន្តិច ដូច្នេះសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារនឹងសម្រុកធ្វើការងារនេះឱ្យបានរួចរាល់អោយបានមុនគម្រោងដែលបានគ្រោងទុក។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើម ឈើបីដើម ដែលត្រូវកាប់ចេញនោះ ប៉ុន្តែឯកឧត្តមឃួង ស្រេងមិនអោយកាប់ចេញនោះទេ ដោយតម្រូវអោយកាត់និងលះមែកជាមួយនឹងការធ្វើទម្រទប់ដើមផងដែរ ។
ពាក់ព័ន្ធបញ្ហាដើមឈើនេះ កាលពីថ្ងៃទី១៥មករា រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងជុំវិញការកាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។
យោងតាមសេចក្តីជូនដំណឹង នេះ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស មានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែក ឈើស៊ុបទ្រុប ដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាល រាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។
ហេតុនេះ ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លង កាត់ទីតាំងខាងលើ បើមិនមានការចាំបាច់ ដើម្បីកាត់ បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែក ឈើនិងរថយន្តធុនធំដែលអា ចបង្កការកកស្ទះចរាចរណ៍ ៕