
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍ថា មិនមែនតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ដែលមានការព្រួយបារម្ភចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខ្លាចក្រែងពួកគេរងដោយការជួញដូរមនុស្ស ដោយឡែករដ្ឋាភិបាលថៃក៏បានគិតគូរពីបញ្ហានេះដែរ។
លោកស្រីបានបន្តថា ដោយសារតែមានការព្រួយបារម្ភចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃនេះហើយ ដែលជាហេតុនាំឱ្យមានសេចក្តីព្រាងច្បាប់ស្តីពី សហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបញ្ហាការជួញដូរមនុស្សនេះឡើង គឺដើម្បីបង្ការពួកគាត់កុំឱ្យជួបបញ្ហាជួញដូរមនុស្ស ខណៈពួកគេស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំងពីពួកឱកាសនិយមមួយចំនួន ក្នុងការដែលប្រទេសទាំងពីរកំពុងជួបវិបត្តិនៃការរាតត្បាតនូវមេរោគកូវីដ១៩ផងនោះ។
លោកស្រី បន្ថែមថា សេចក្តីព្រាងច្បាប់ នៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃ ត្រូវបានមន្ត្រីអន្តរក្រសួងនៃប្រទេសទាំងពីរ សម្រេចព្រមព្រៀងគ្នារួចជាស្ថាពរហើយ ដោយរង់ចាំឆ្លងមតិ បន្ថែមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។ ការធ្វើសេចក្តីព្រាងច្បាប់នេះ គឺធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ បង្ក្រាបការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំសេចក្តីព្រាងច្បាប់ ស្តីពីសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបញ្ហាការជួញដូរមនុស្សជិតបញ្ចប់នោះរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសថៃ បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕