ផ្លូវក្រោមដីចំនួន២ខ្សែនៅទីតាំងស្ពានអាកាសចោមចៅ បានដាក់ឱ្យដំណើរការនៅព្រឹកនេះ

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន បានប្រកាសដាក់ឱ្យដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅ ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

ការប្រកាសដាក់ឲ្យដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា គឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការថ្លែងដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

នាឪកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឯកឧត្តម ឃួង ស្រេង ដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែនេះ ចាប់ពីពេលនេះតទៅ ដែលនេះនឹងជួយកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង»

គួរបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ។

ដោយឡែក ផ្លូវទាំង២ខ្សែដែលត្រូវបានប្រកាសឲ្យដំណើរការ នៅថ្ងៃទី២២ ខែមករានេះ រួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថីចោមចៅ និង២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិ​លេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣៕