
ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងសម្ពោធវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹងទៅទទួលយកជំនួយវ៉ាក់សាំងពីចិនដោយខ្លួនឯង នៅពេលដែលវ៉ាក់សាំងមកដល់ព្រលានយន្ដហោះ ហើយចាក់មុនគេទៀតនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា ការទទួលយកវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។ ក្នុងកំលុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ១៩នេះ មិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្ត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ក៏ចាក់ បើមិនចង់ចាក់ក៏មិនបង្ខំដែរ។ ទោះបីជាយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រី យល់ឃើញថា ការចាក់វ៉ាក់សាំងនេះ នឹងដើរតាមគន្លងដូចជាតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនចូលទៅអាហ្វ្រិក។ ដូច្នេះរឿងវ៉ាក់សាំងកូវីដ១៩នេះ អាចប៉ាន់ស្មានថា ទៅថ្ងៃមុខប្រទេសនានាអាចទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងលើបុគ្គលណាម្នាក់មុនអនុញ្ញាតឱ្យចូលប្រទេសគេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន៥០ម៉ឺននាក់។
ជាមួយនឹងគ្នានេះ កម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីជជែកនិងរិះរកយន្តការទទួលបានវ៉ាក់សាំង។ តាមការជជែកនោះ កម្ពុជាទទួលជំនួយពីចិន ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរ គឺស៊ីណូហ្វាមនិងស៊ីណូហ្វាក់។ ជាងនេះទៅទៀត កម្ពុជាបានសរសេរលិខិតមួយច្បាប់ផ្ញើទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ និងបានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូង ព្រមទាំងកំពុងពិចារណានិងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំងជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ ឯការស្វែងរកវ៉ាក់សាំងកូវីដ១៩នេះ មានច្រកបី គឺច្រកអង្គការសុខភាពពិភពលោក ច្រកប្រទេសជាមិត្ត និងច្រកចរចាផ្ទាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩៕