មន្ត្រីយោធា ២នាក់បាត់ខ្លួន រីឯ៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះអូប័រមួយគ្រឿងនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ មន្រ្តីជំនាញខេត្តព្រះសីហនុ នៅថ្ងៃទី ០៦ខែមេសានេះ បាននឹងកំពុងបន្តស្វែងរកមន្ត្រីយោធា ២នាក់ដែលបាត់ខ្លួន​ក្នុងហេតុការណ៍ផ្ទុះអូប័រមួយគ្រឿង ខណៈមន្ត្រីយោធា ៤នាក់ផ្សេងទៀ​ត​បា​ន​រងរបួស នៅក្បែរ​ឆ្នេរព្រែកចាក ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

មន្ត្រីយោធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងនៅវេលាម៉ោង ១និង ៣០នាទីថ្ងៃទី ៥ខែ មេសាឆ្នាំ ២០២១ ស្ថិតនៅខាងមុខឆ្នេរព្រែកចាក រយៈចម្ងាយ 2Mile ពីឆ្នេរព្រែកចាក ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

មន្រ្តីបន្តថា អូប័រមួយគ្រឿងដែលផ្ទុះឆេះនេះ ជារបស់អង្គភាពទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រ​នៅពេលកំពុងចេញបំពេញបេសកម្មល្បាតក៏បានជួបឧបទ្ទវហេតុផ្ទុះឆេះនៅចំណុច ខាងត្បូងកោះសំពោច​នៅចំណុចទីតាំងខាងលើនេះ។

សេចក្តីរាយការណ៍បានអោយដឹងថា នៅលើអូប័រដែលជួបឧបទ្ទវហេតុផ្ទុះឆេះនោះមានមនុស្សចំនួន៦នាក់ជាយោធា។ ចំពោះករណីផ្ទុះឆេះនោះគឺពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ហើយការផ្ទុះឆេះនោះគឺបណ្តាលឲ្យមនុស្សចំនួន ៤នាក់រងរបួសធ្ងន់ ត្រូវបានទូកនេសាទជួយសង្គ្រោះ និងមនុស្សចំនួន ២នាក់ទៀតបានបាត់ខ្លួន។

លោកឧត្តមនាវីឯក អ៊ុក សីហា បានបញ្ជាក់ឱ្យ​ដឹងថា អ្នកទាំង ២ដែលបាត់ខ្លួនរួមមានឈ្មោះ លោ​ក​វរនាវីឯក សុខ រស្មី និងឈ្មោះ ភ័ក្រ្ត ។ ភ្លាមៗនោះ​លោកឧត្តមនាវីឯក អ៊ុក សីហា បានបញ្ចេ​ញកម្លាំ​ងក​ងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងនាវា ៣គ្រឿង រួមជាមួយអូប័រ ១គ្រឿង ព្រមទាំងទូក ១គ្រឿង រួមនិង លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ចេញអូប័រចំនួន ២គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួនដែ​រ៕