
ភ្នំពេញ៖ ផ្នែកខ្លះនៃខណ្ឌចំនួន ៣ គឺខណ្ឌមានជ័យ សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានប្រកាសនៅយប់ថ្ងៃសុក្រទី ០៩ ខែមេសា ដោយសម្រេចធ្វើការបិទខ្ទប់ (Lockdown) ចាប់ពីម៉ោងសូន្យថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១នេះ។
លោក ឃួង ស្រេង បានថ្លែងក្នុងសន្និសីទកាសែតនៅសាលារាជធានីភ្នំពេញនៅយប់មិញថា ដោយមានការចាំបាច់ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចិត្តចេញសេចក្តីសម្រេចមួយ ដើម្បីធ្វើការបិទខ្ទប់តំបន់មួយដែលមានការរីករាលដាលឆ្លងនូវជំងឺកូវីដ១។
លោកបន្តថា៖ «នេះជាកិច្ចការមួយដែលរដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចយកជម្រើសដ៏អាក្រក់បំផុតមួយនេះ ព្រោះយើងដឹងថាការបិទខ្ទប់នេះពិតជាធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ការរស់នៅរបស់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការសម្រេចមួយដែលនឹងអនុវត្តន៍នៅម៉ោងសូន្យយប់មិញ ដើម្បីបិទខ្ទប់នូវប្រជាពលរដ្ឋមួយចំនួនគឺក្នុងខណ្ឌមានជ័យមាន ២ សង្កាត់គឺសង្កាត់ស្ទឹងមានជ័យ១ និងមានជ័យ។
ចំណែកខណ្ឌសែនសុខ មានភូមិទ្រង់មាន់១នៃសង្កាត់អូរបែកក្អមដែលមានប្រមាណជាង ១ ម៉ឺននាក់ ឯខណ្ឌពោធិ៍សែនជ័យ ត្រូវបិទ ០៦ ភូមិផងដែរគឺ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ដោយសារកម្មករបានមកជួលផ្ទះនៅតំបន់នោះ។
ការសម្រេចនេះបន្ទាប់ពីមានរោងចក្រ ឌីនហាន ដែលមានកម្មករ-កម្មការិនីប្រហែលជាជាង ២៦០០ នាក់ធ្វើការនៅក្នុងរោងចក្រ ដោយគិតត្រឹមយប់មិញ មានអ្នកឆ្លងរកឃើញរហូត ៦៣១ នាក់ ដែលជាតួលេខមួយខ្ពស់បំផុតដែលធ្វើឱ្យរដ្ឋបាលសាលារាជធានីភ្នំពេញមានការព្រួយបារម្ភក្នុងការឆ្លងរីករាលដាលជំងឺនេះ៕