ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨៣ នាក់បន្ថែមទៀត

ក្នុងការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ សម្តេច បានប្រកាសថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៨៣ នាក់ បន្ថែមទៀត ខណៈម្សិលមិញរកឃើញ ១២០៧ នាក់។

ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឲ្យអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង ៤ ពាន់នាក់ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង ១ ឆ្នាំយើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ ៥០០ នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ ៤០៨០ នាក់ ពីម្សិលមិញអ្នកជំងឺរបស់យើង បានឆ្លងចំនួន ៥៧៦ នាក់ ថ្ងៃនេះទៀតឆ្លង ៤៨៣ នាក់។ ពីមុនកម្រណាស់ ដែលយើងប្រើពាក់រាប់សិបនាក់ គឺមានតែ ១, ២, ៣, ៤, ៥,១០នាក់ ប៉ុន្តែចាប់ពីពេលព្រឹត្តិការណ៍២០កុម្ភៈមក ពាក្យរាប់សិប គឺមានជារៀងរាល់ថ្ងៃ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ៕