កម្មកររោងចក្រ AM2 ជិត ៣០ នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានរកឃើញកូវីដ១៩

ភ្នំពេញ៖ យ៉ាងហោចណាស់មានកម្មករនិយោជិតកើនឡើង ២៧ នាក់ ក្នុងរោងចក្រ AM2 ដែលស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលថ្លែងថា រោងចក្រ AM2 មានកម្មករនិយោជិតសរុបចំនួន៤៧៥នាក់។ លោកបន្តថា ចំពោះកម្មករនិយោជិត ដែលមិនឆ្លងកូវីដ១៩ ត្រូវបានអាជ្ញាធរដឹកយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល។

បើតាមអាជ្ញាធរ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រនេះ អាជ្ញាធរខណ្ឌ និងមន្ត្រីក្រសួងសុខាភិបាល បានចាត់វិធានការជាបន្ទាន់ គឺមិនឲ្យកម្មករនិយោជិតទាំងអស់ចេញដើរពីរោងចក្រនោះឡើយ ពោលបានធ្វើឲ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងរយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទើបតែនៅពេលនេះ បានដឹកបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅក្នុងសង្កាត់បឹងធំ ក្រោយបានរៀបចំរួចរាល់៕