ស្ពានថ្មថ្មី រចនាបថបុរាណខ្មែរនៅបាត់ដំបង ដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះតទៅ

ស្ពានថ្ម​ថ្មី ១៣ មករា ដែល​កសាង​ទន្ទឹមគ្នា ជាមួយ​ស្ពាន​បុរាណ អាយុ​ជាង ១០០ ឆ្នាំ ក្នុង​ក្រុង​បាត់ដំបង ពេលនេះបានប្រកាស​ដាក់​សម្ពោធ​ឲ្យ​ពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ជាបណ្តោះអាសន្ន​ហើយ​ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ស្ពាននេះបានដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន ដើម្បីជាចំណងដៃថ្មី ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់នាឱកាសពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពរលូនផងដែរ ។

សមិទ្ធផល​ស្ពានថ្ម​ថ្មី ដែល​ត​ភ្ជាប់​ដងស្ទឹង​សង្កែ រវាង​ត្រើយ​ខាងកើត និង​ខាងលិច កសាង​ទន្ទឹមគ្នា​ជាមួយ ស្ពាន​បុរាណ អាយុកាល ១០៣ ឆ្នាំ ដែល​ចាប់ផ្តើម​ដំណើរការ សាងសង់​តាំងពីដើម ខែមករា ឆ្នាំ​២០២០ មកទល់​ពេល​បច្ចុប្បន្ននេះ បានបញ្ចប់​​ទាំងស្រុង​ហើយ។ស្ពានថ្ម ទើប​សាងសង់​ថ្មី​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់ឈ្មោះថា “​ស្ពាន ១៣ មករា​” ឲ្យ​ស្របទៅតាម​អត្ថន័យ ជា​ថ្ងៃ​រំដោះ​ទីក្រុង​បាត់ដំបង ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ​១៩៧៩ ។​

ស្ពានថ្ម​ថ្មី​នេះដែរ មាន​ទីតាំង​ឋិត​នៅ​ប៉ែក​ខាងត្បូង នៃ​ស្ពាន​បុរាណ មាន​ចន្លោះ​ពីគ្នា ចំនួន ៦ ម៉ែត្រ ប្រវែង​បណ្តោយ ចំនួន ១០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ប្រើប្រាស់​ថវិកា​ចំនួន របស់​សប្បុរសជន​ខ្មែរ នៅ​ប្រទេស​ស្វី​ស មាន​ស្រុកកំណើត នៅក្នុង​ស្រុក​បាណន់ តាមរយៈ​ការ​កៀរគរ​ពី សម្តេច​ក្រឡាហោម ស ខេង​។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការកំណត់ទិសដៅចរាចរណ៍សម្រាប់ធ្វើដំណើរលើស្ពាននេះ ដោយស្ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រូវបានកំណត់ជាចរាចរណ៍ឯកទិសសម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅ មកពីរាជធានីភ្នំពេញ ពោលគឺពីទិសខាងកើត មកទៅខាងលិច ចំណែកស្ពាន១៣មករា ត្រូវបានកំណត់ចរាចរណ៍ជាឯកទិសសម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅចេញទៅរាជធានីភ្នំពេញ គឺពីទិសខាងលិច ទៅទិសខាងកើតវិញ ដោយការរៀបចំនេះ ត្រូវបានរដ្ឋបាលខេត្តបានប្រកាសឲ្យប្រជាពលរដ្ឋអនុវត្តចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១តទៅ ៕