Breaking News៖ រាជរដ្ឋាភិបាលសម្រេចបិទខ្ទប់មិនឲ្យមានការចេញចូលក្រុងភ្នំពេញ និងក្រុងតាខ្មៅទាំងស្រុង ចាប់ពីយប់នេះតទៅ

ក្រោយស្ថានភាពជំងឺកូវីដ ១៩ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ពិបាកក្នុងការគ្រប់គ្រង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសេចក្ដីប្រកាសបិទក្រុងភ្នំពេញរយៈពេលពេល ២ សប្ដាហ៍ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយហាមមិនឲ្យមានការចេញចូលក្រុងបន្តទៀតឡើយ។ ក្នុងសេចក្ដីប្រកាសនេះ មានន័យថា អ្នកក្រុងភ្នំពេញ និងក្រុងតាខ្មៅមិនអាចបន្តចេញធ្វើដំណើរទៅតាមខេត្តផ្សេងបាន ហើយអ្នកខេត្តក៏មិនអាចធ្វើដំណើរចូលក្រុងវិញបានដែរ។

វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
* ប្រកាស១៖ ត្រូវបានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។