ចាប់ខ្លួនមន្រ្តីផ្កាយពីរម្នាក់ និងបក្ខពួក ២នាក់ទៀត ព្រោះបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងលេងប៉ាតម្សៅបំពានបម្រាមរាជរដ្ឋាភិបាល

ភ្នំពេញ៖ មន្រ្តីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៦ ខែមេសានេះ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក ២នាក់ទៀត ដោយសារបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ការចាប់ខ្លួននេះ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងមានការឡាយរតាមហ្វេសប៑ុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះបុរស ៣នាក់នេះ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅ។

របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕