រដ្ឋបាលខេត្តមណ្ឌលគិរី ត្រៀមដី៥ហិកតា ទុកសាងសង់ឈាបនដ្ឋានអ្នកជំងឺកូវីដ-១៩

រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដីប្រមាណ៥ហិកតា សម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព ក្នុងករណីមានអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ។នេះបើយោងតាមការឲ្យដឹងពីរដ្ឋបាល ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តបានត្រៀមបម្រុងរួចជាស្រេច នូវទីតាំងដីសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះដែរ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមដែរថា ទីតាំងដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះសព និងបូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនពីរ ទីតាំង ដែលមួយត្រូវសាងសង់ឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។ លោក បន្តថា ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំងដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។

គិតត្រឹមល្ងាចថ្ងៃទី២៧ មេសា ២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ១៩ចំនួន ០៣នាក់ ដែលបានឆ្លងព្រឹត្តឹការណ៍សហគមន៍ ២០កុម្ភៈ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ក្រៅពីអ្នកជំងឺទាំងបីនាក់ ចំណុចលំនៅឋានរបស់ពួកគាត់ អាជ្ញាធរបានបិទខ្ទប់ជាប៉ុណ្ណោះអាសន្ន ដែលមានអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលត្រូវបិទខ្ទប់ចំនួន៣៥គ្រួសារ។

គួររម្លឹកដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់រាជធានីខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែមានការកើនឡើងជាបន្តបន្ទាប់៕