អាជ្ញាធរខេត្តរតនគិរី ចំណាយប្រាក់ ៧០លានរៀលធ្វើឡសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩

រតនគិរី៖ ឈាបនដ្ឋានថ្មីមួយ ​ត្រូវបានអាជ្ញាធរខេត្តរតនគិរីរកទីតាំងសាងសង់នៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានទំហំប្រមាណជាង ១២០ម៉ែត្រការ៉េ ចំណាយទឹកប្រាក់អស់ចំនួន ៧០លានរៀល ​ខណៈទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ដើម្បីប្រុងជើងការក្នុងករណីបន្ទាន់ណាមួយកើតឡើង។

​លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរី បានឱ្យដឹងថា ទោះបីជាខេត្តរតនគីរី មានអត្រាអ្នកឆ្ល​ងជំងឺកូវីដ១៩តិចនៅឡើយ តែអាជ្ញាធរខេត្ត បាននិងកំពុងគិតគូររកយុទ្ធសាស្រ្តទប់ស្កាត់ការចម្លង​ចូលមកពីខាងក្រៅ និងការពារឱ្យខានតែបាននូវការរីករាលដាលជាសហគមន៍។

លោកបន្តថា រដ្ឋបាលខេត្តបានត្រៀមទុកជាមុននូវឈាបនដ្ឋានមួយកន្លែង ដែលទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ដើម្បីប្រុងជើងការក្នុងករណីបន្ទាន់ណាមួយផង និងជាការតាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យឈរលើការគោរពវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

ឈាបនដ្ឋានថ្មីនេះនឹងត្រូវសាងសង់នៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ​ដោយក្រុមហ៊ុន​ម៉ៅ​ការឯកជន ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

​លោកបាន​ទៅត្រួតពិនិត្យទីតាំងឈាបនដ្ឋានថ្មីនៅ​ថ្ងៃទី២៦ ខែឧសភា​នេះ ដោយបានស្នើដល់កងកម្លាំ​ង​ឈរ​ជើ​ងប្រ​ចាំការនៅតាមព្រំប្រទល់ខេត្តនៅតែបន្តការខិតខំប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះអ្នកដំ​ណើ​រដែ​លចូលមកខេត្តរតនគិរី ដោយអនុវត្ត​បទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺ​ងម៉ាត់បំផុត៕