កម្មកររោងចក្រប្រមាណ ៨ពាន់នាក់នៅខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរយកសំណាកទៅពិនិត្យ

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមនៅថ្ងៃទី២៨ ខែឧសភានេះ បានចុះស្រាវជ្រាវ និងប្រមូលសំណាកអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយប្រមាណ ៨ពាន់នាក់ ដើម្បីធ្វើតេស្តសុខភាព និងបិទខ្ទប់ផ្ទះមួយចំនួនដែលពាក់ព័ន្ធនឹងការប៉ះពាល់អ្នកកើតជំងឺកូវីដ-១៩។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧ្យដឹងថា កម្មករ-កម្មការិនី នៅរោងចក្រខាលីនតុន ក្នុងស្រុកជើងព្រៃ ប្រមាណជា ៨,០០០នាក់ ដែលសង្ស័យបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវប្រមូលសំណាក ដើម្បីធ្វើតេស្តរហ័ស នៅថ្ងៃទី២៩ ខែឧសភានេះ ប៉ុន្តែក្រោយពីអាជ្ញាធរខេត្ត បានចុះពិនិត្យ និងរៀបចំកន្លែងធ្វើចត្តាឡីស័ក ទើបសម្រេចលើកទៅធ្វើតេស្តនៅថ្ងៃទី៣១ ខែឧសភាវិញ។

លោកបន្តថា បន្ទាប់ពីចុះពិនិត្យ និងរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅរោងចក្រ ខាលីនតុន ក្រុមការងារបានចុះពិនិត្យតាមខ្នងផ្ទះរបស់ កម្មករ-កម្មការិនី ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដែលវិជ្ជមានកូវីដ-១៩ ហើយបានប៉ះពាល់ជាមួយក្រុមគ្រួសារ និងត្រូវប្រមូលអ្នកដែលពាក់ព័ន្ធ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងកំពង់ចាម។ ចំពោះផ្ទះរបស់ពួកគាត់ ត្រូវបានបិទខ្ទប់ការពារដោយអាជ្ញាធរមូលដ្ឋាន ហាមចេញ-ចូល។

លោកថា អាជ្ញាធរបានដាក់វិធានការ រៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ដើម្បីនាំយកអ្នកដែលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវក្នុងមណ្ឌលតែម្ដង៕