សមត្ថកិច្ចបញ្ជូនជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម-ចិន ៦នាក់ទៅតុលាការ ខណៈដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ទៅសាលាដំបូងខេត្តកណ្ដាល បន្ទាប់ពីបានបង្រ្កាបក្នុងករណីជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។

​ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមានលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ, លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងលោក លីវ ស្រេង និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប។

ជាលទ្ធផល​ការបង្ក្រាបនេះ កម្លាំងជំនាញឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ ១កន្លែង និង ៣កន្លែងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ មានជនជាតិវៀតណាម ១នាក់ និងចិន ៥នាក់រួមមាន ១-ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ២-ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។ ៣-ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។ ៤-ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា។ ៥-ឈ្មោះ CHEN SHEN TANG ភេទប្រុស ជនជាតិចិន និង៦-ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។

ក្នុងនោះមានសម្ភារដែលសមត្ថកិច្ចចាប់យក​មាន​គ្រឿងញៀន៖ ១-អិចស្តាស៊ី (MDMA) ទម្ងន់ជាង ៩៤ គីឡូក្រាម ២-មេតំហ្វេតាមីន (ICE) ទម្ងន់ជាង ៤២.៨៥ ក្រាម ៣-សារធាតុផ្សំ (P2P) ទម្ងន់ជាង ១០ គីឡូក្រាម។ ៤-សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។ ៥-រថយន្ត ២គ្រឿង។ ៦-អាវុធខ្លី ២ដើម (ម៉ាក CF98-9 បង់២ គ្រាប់ចំនួន ១៥គ្រាប់ និងម៉ាក P0220 បង់២ និងគ្រាប់ចំនួន ៧គ្រាប់)។ ៧-អាវុធខ្លី (កែច្នៃ) ២ដើម ៨-ខ្នោះដៃ២គូ និង៩-ទូរស័ព្ទដៃ២គ្រឿង។

ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបាន​កសាងសំណុំរឿងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕