រដ្ឋបាលខេត្តកែប ទុកពេល៣ថ្ងៃឱ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ

អាជ្ញាធរ​ខេត្ត​កែប​ប្រាប់​ឱ្យ​ម្ចាស់ក្រុមហ៊ុន​ ​ឬ​ម្ចាស់​អាជីវកម្ម​រុះរើ​បដា​ ​ឬ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ចេញពី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​ ​ដោយ​ជំនួយ​មកវិញ​នូវ​ខ្លឹមសារ​អប់រំ​នានា​ ​ពាក់ព័ន្ធ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

​យោង​តាម​សេចក្ដីប្រកាស​របស់​រដ្ឋបាល​ខេត្ត​កែប​ចុះ​ថ្ងៃ​ទី​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​បាន​ទុក​រយៈពេល​៣​ថ្ងៃ​ឱ្យ​ម្ចាស់ក្រុមហ៊ុន​ ​ឬ​ម្ចាស់​អាជីវកម្ម​ធ្វើការ​រុះរើ​បដា​ឬ​ផ្ទាំង​ប៉ាណូ​ដែល​មានខ្លឹមសារ​ផ្សព្វផ្សាយ​ផលិតផល​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​៧​ ​ដល់​ថ្ងៃ​ទី​៩​ ​ខែ​មិថុនា​នេះ​ ​ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ត​មានលទ្ធភាព​យក​បង្គោល​ដែល​ក្រុមហ៊ុន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​នា​ពេល​កន្លងមក​នោះ​ ​ទៅ​ដាក់​ជំនួស​វិញ​នូវ​ខ្លឹមសារ​អប់រំ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

​រដ្ឋបាល​ខេត្ត​កែប​បាន​ព្រមាន​ថា​ ​ក្នុង​ករណី​ម្ចាស់ក្រុមហ៊ុន​ ​ឬ​ម្ចាស់​អាជីវកម្ម​មិន​គោរព​តាម​សេចក្តីជូនដំណឹង​នេះ​ ​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​នីតិវិធី​រដ្ឋបាល​ ​រួម​នឹង​ធ្វើការ​រុះរើ​ផង​ ​ដោយ​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​ម្ចាស់ក្រុមហ៊ុន​ ​ហើយ​រាល់​ការខូចខាត​អាជ្ញាធរ​ខេត្ត​មិន​ទទួលខុសត្រូវ​នោះ​ទេ​ ​។​

​ពាក់ព័ន្ធ​នឹង​ការ​តម្រូវ​ឱ្យ​ម្ចាស់ក្រុមហ៊ុន​ឬ​ម្ចាស់​អាជីវកម្ម​រុះរើ​បដា​ឬ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​នេះ​ ​កាល​ថ្ងៃ​ទី​២​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​របស់​ខ្លួន​ ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ឬ​ស្លាកយីហោ​ដែល​ជ្រក​ក្រោម​ស្លាក​ស្រា​បៀរ​ផង​ដែរ​ ​។​

​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​បាន​គាំទ្រ​ចំពោះ​វិធានការ​ដកហូត​និង​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នេះ​ ​ដោយ​ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​នេះ​ថា​ ​ជា​ជំហាន​ចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​ ​៕​