ក្រសួងបរិស្ថានស្នើឲ្យបញ្ឈប់សកម្មភាពបរបាញ់ ជួញដូរសត្វព្រៃ ខណៈសត្វត្មាតបន្តធ្លាក់ចុះរាល់ឆ្នាំ

ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១  នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹង លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ ក្បាលក្នុងនោះរួមមានត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ ក្បាល និងត្មាតត្មាតត្នោតចំនួន ១៩ ក្បាល។

លោកបន្តថា សត្វត្មាតមានវត្តមាននៅកម្ពុជាមានតែបីប្រភេទគឺ ១)ត្មាតភ្លើង ២)ត្មាតត្នោត និង ៣)ត្មាតផេះ។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេសកម្ពុជា។  ក្រសួងបរិស្ថានបានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ ដងក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

បន្ថែមពីនេះ លោកបន្តថា សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុង កម្រិតមួយគួរព្រួយបារម្ភ ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុលជាដើម។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានស្នើពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ និងអភិរក្សសត្វត្មាតបានគង់វង្ស៕