វត្តមានសត្វត្មាតចំនួន ៨២ក្បាលនៅក្នុងតំបន់អភិរក្សសត្វព្រៃនៅកម្ពុជា ត្រូវបានអ្នកជំនាញកត់ត្រា

ភ្នំពេញ: បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកបានថ្លែងថា ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

លោក នេត្រ ភក្ត្រា បន្តថា វត្តមានសត្វត្មាតដែលបានកត់ត្រានៅទីតាំងជំរឿនទាំង ៤ កន្លែងនោះរួមមាន៖ ១) មានសត្វត្មាតចំនួន២៣ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តព្រះវិហារ; ២) មិនមានវត្តមានសត្វត្មាតនៅអាហារដ្ឋានខេត្តមណ្ឌលគិរី; ៣) មានសត្វត្មាតចំនួន ៥២ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង និង ៤) មានសត្វត្មាតចំនួន ៧ក្បាល ត្រូវបានកត់ត្រានៅ អាហារដ្ឋានត្មាតខេត្តក្រចេះ។ លោកថា ដើម្បីសន្និដ្ឋានពីចំនួនប្រជាសាស្ត្រនៃសត្វត្មាតដែលជាប្រភេទសត្វកម្រជិតផុតពូជលើពិភពលោកមានការថយចុះ ឬកើនឡើង ក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាននិងអង្គការដៃគូនឹងបន្តធ្វើជំរឿនទូទាំងប្រទេសចំនួន ៥ ដងទៀតគឺគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែមិថុនា ថ្ងៃទី១០ ខែកញ្ញា ថ្ងៃទី២០ ខែកញ្ញា ថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី២០ ខែធ្នូ២០២១។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឦសាននៃប្រទេសកម្ពុជាហើយត្រូវបានអនុវត្តនិងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជី វិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ២០២១ មាន ការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដងដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាតមានវត្តមាននៅកម្ពុជាមានតែបីប្រភេទគឺ ១)ត្មាតភ្លើង ២)ត្មាតត្នោត និង ៣)ត្មាតផេះ។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះនៃប្រទេស កម្ពុជា។

សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
លោកថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុលផងដែរ៕