ដំណើរការស្តារប្រឡាយបឹងទំពន់ រួចរាល់បាន២,២០០ម៉ែត្រ ខណៈសម្រេចបាន៦០%ហើយ

ការស្តារប្រឡាយបឹងទំពន់ មានប្រវែង ៣,៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា បានសម្រេច ៦០ភាគរយហើយ ដែលបានរួចរាល់ប្រវែង ២,២០០ម៉ែត្រ។នេះបើតាមការឲ្យដឹងពីលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី។

លោក ដួង ចាន់សារ៉ាត់ បានបន្ថែមថាដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារ ប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ជាអ្នកអនុវត្តន៍ បានធ្វើបន្តសកម្មភាពស្តារប្រឡាយបឹងទំពន់ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយបឹងទំពន់នេះបានចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង ២២០០ម៉ែត្រ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំងពិសេសរំដោះ ទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

លោក ដួង ចាន់សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុង ប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។

សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងប្រឈមមុខការ រីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើ សកម្មភាពដោយមិនមានការអាក់ខានឡើយ៕