ប្រទេសថៃចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីទោះបីស្ថិតក្នុងព្យុះកូវីដ

ប្រទេសនានានៅលើពិភពលោក មិនថាទ្វីបអឺរ៉ុប អាមេរិក ឬអាស៊ីសុទ្ធតែកំពុងប្រឈម និងប្រយុទ្ធជាមួយនឹងវីរុសកូវីដ 19 ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅឡើយដោយធ្វើឱ្យមានការរាំងស្ទះខ្លាំងទៅលើសេដ្ឋកិច្ច សុខភាព ក៏ដូចជាការសិក្សាផងដែរ។ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះដែរ ប្រទេសថៃបានចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួនសម្រាប់សិស្សានុសិស្សចូលសិក្សាឆ្នាំថ្មី។

បើទោះបីជាបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្ដើមក៏ដោយ ក៏ការសិក្សាដោយផ្ទាល់នៅសាលាមិនទាន់ត្រូវបានអនុញ្ញាតឱ្យដំណើរការនៅបណ្ដាខេត្តមួយចំនួននៅឡើយទេ។ សាលាបឋមសិក្សានានានៅក្នុងទីក្រុងបាងកកត្រូវបង្រៀនសិស្សតាមថ្នាក់នីមួយៗដោយប្រើវីដេអូអនឡាញ។ ជាទូទៅ ឆ្នាំសិក្សាថ្មីរបស់សាលាថៃចាប់ផ្ដើមបើកនៅពាក់កណ្ដាលខែឧសភា ប៉ុន្តែដោយសារការឆ្លងវីរុសកូវីដ 19 ហក់ស្ទុះខ្លាំងពេកទើបរដ្ឋាភិបាលសម្រេចពន្យារពេលរហូតដល់ពាក់កណ្ដាលខែមិថុនានេះវិញ។ គ្រូបង្រៀនមួយចំនួនបាននឹងកំពុងបង្រៀនសិស្សតាមរយៈអនឡាញរួចមកហើយតាំងពីឆ្នាំមុនមកម្ល៉េះ ហើយពួកគេកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវិវឌ្ឍរបស់សិស្ស។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានប្រឈមនឹងការឆ្លងវីរុសកូវីដ 19 រលកទី 3 តាំងពីខែមីនា ហើយអាជ្ញាធរបានធ្វើការបញ្ជាឱ្យម្ចាស់អាជីវកម្មនានាត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ននូវអាជីវកម្មដូចជាបារ និងមណ្ឌលហាត់ប្រាណដោយព្យាយាមពន្លឿនការចាក់វ៉ាក់សាំង។ ប៉ុន្តែ ប្រទេសនេះនៅតែមានករណីឆ្លងវីរុស 2 ទៅ 3 ពាន់ជាងករណីជារៀងរាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ៕

ប្រភព៖ NHK