ក្រសួងកំពុងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាបន្តលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានក្រុមកាងារអន្តរក្រសួងដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីទឹក កខ្វក់ និងប្រព័ន្ធលូ ក្នុងគោលបំណងបន្តពិនិត្យពិភាក្សា ប្រមូលធាតុចូល និងកែសម្រួលលើសេចក្តី ព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ បម្រើ ឱ្យឧត្ដមប្រយោជន៍ជាតិ។

នាឱកាសនោះ លោកណែនាំឱ្យក្រុមការងារជំនាញបន្តរៀបចំ សន្ទានុក្រមពាក្យបច្ចេកទេស ដែលប្រើប្រាស់នៅក្នុងច្បាប់នេះ ដើម្បីងាយយល់ ព្រមទាំងស្រាវជ្រាវ រកឯកសារច្បាប់ពាក់ព័ន្ធទាំងឡាយក្នុងវិស័យនេះ ទាំងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិ ដើម្បីយកមកពិចារណា ប្រៀបធៀបក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានសង្គតិភាពទៅនឹងបរិបទសង្គម និង សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ជំនាញ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលសំខាន់ៗប្រកបដោយ ខ្លឹមសារ ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះមានអត្ថន័យគ្រប់គ្រាន់ និងអាចទទួលយកបានពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕