ដំណើរការសាងសង់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជិត៦៤% ហើយ

គិតត្រឹម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចលទ្ធផលការងារបាន៦៣,៨៧% ។

នេះបើតាម ការលើកឡើងរបស់ លោក  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឪកាសក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលាផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ៕