លោក នេត្រ ភក្ត្រា៖ ការនាំចេញនិងការប្រើប្រាស់ឈើពីព្រៃធម្មជាតិ ត្រូវបានរឹតបន្តឹង

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង​បរិ​ស្ថានបាន​ឱ្យ​ដឹង​ថា ការនាំ​ចេញ និង​ការប្រើ​ប្រា​ស់​ឈើពីព្រៃធម្មជាតិ ត្រូវបានរឹតបន្តឹង ខណៈចម្ការឈើដាំមានតួនាទីសំខាន់ទាំង​ការបម្រើ​ឱ្យ​ផ្នែ​​កបរិស្ថា​ន និងសេដ្ឋកិច្ចជាតិ និង​សេដ្ឋ​កិច្ចមូលដ្ឋាន។

លោក នេត្រ ភក្ត្រា បាននិយាយនៅអំឡុងពេលចុះទស្សនកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដាថា នៅ​ចម្កា​រម៉ៃសាក់ដែលជាកា​រវិនិយោគ​របស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែលដាំទំហំ ៣៥០ ហិ​កតា​នៅ​ក្នុង​ដីសហគមន៍តំបន់ការពា​រធម្ម​ជាតិតា​សាលក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្ត​កំព​ង់​​ស្ពឺ​។ ចម្ការម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផល​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។

លោកបន្តថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូ​តពីព្រៃ​ធម្ម​ជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្សា ម៉ៃ​សា​ក់ អង្កាញ់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរ​​ឱ្យ​​កត់​សម្គាល់។

លោកថ្លែងថា ការវិនិយោគលើដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និង​ការ​បង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់ បន្ថយ​សម្ពា​ធ​លើ​ការ​ប្រើ​​ប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ។ ​ជាទូទៅនៅតាម​ស​ហ​គ​ម​​ន៍មូ​​លដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០ភាគរយនៃ
ផ្ទៃ​ដី​សរុប​។

ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍
មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផល
លើ​ផ្ទៃ​ដីរដ្ឋ​ក្នុ​ងទំហំ​មួយសមស្រប ដែលផ្ទៃដីនេះពួកគាត់​អាចសហការជា​មួយក្រុមហ៊ុ​នឯកជ​នក្នុ​ង​ដាំអាកាស្សា ដើមម៉ៃសាក់ ​ដើមអង្កាញ់​ ដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ :ចម្រុះ​។

តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ី​ស្រា​អែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ ហិកតា និងក្រុមហ៊ុន មួយ ទៀតនឹ​ងដាំ​អាកាស្សា​លើ​ផ្ទៃ​ដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុង ផ្តល់ កូនអាកាស្សាចំនួន ១លានដើម ក្នុង​ឆ្នាំ​២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែល​ជាកិ​ច្ច​ស​ហ​ការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តន
នូវ​គោ​លនយោបាយ ជំរុញចម្ការឈើដាំនេះផងដែរ។ សម្រាប់ចំការឈើដាំនៅក្នុងប្រទេសកម្ពុជា មើលឃើញថា ជាការចា​ប់ផ្តើម ហើយចម្ការឈើដាំទាំងអស់នេះ​គឹបានបង្ហាញពី​ភាពវិជ្ជមានជា​មួយ​និ​ង​​បច្ចេកទេស​នៃ​ការដាំ ហើយប្រភេទឈើដែលទទួលបានផលលឿន ជាក់ស្តែង​ការដាំរ​បស់​ក្រុ​ម​ហ៊ុន ស៊ីងបាយអូថេក Think Biotech នៅក្នុងខេត្តក្រចេះ គ្រោងនឹងដាំកូនដើមឈើនៅលើផ្ទៃដីទំហំ ៨៥​០​០​ហិកតា​ស្មើនឹងកូនឈើប្រមាណ ១០លានដើម ក្នុងរយៈពេល ៤ ខែពីខែឧសភា ដល់ខែ​សី​ហា ឆ្នាំ២០២១នេះ។ តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខា​ង​មុខ​លើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២​០​លានដើម៕