ខេត្តកោះកុង សម្រេចសាងសង់ឈាបនដ្ឋានសម្រាប់អ្នកជំងឺកូវីដ នៅទីតាំងចំនុចគីឡូម៉ែត្រ ១៣៧

អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ពន្ធ័ បានចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ឃឹម ចន័្ទឌី អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនបានចុះពិនិត្យមើលទីតាំងឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖

១- ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រ។

២-ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមាន ទំហំ៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។

សូមជម្រាបផងដែរថា ការឈូសឆាយដីរបស់រដ្ឋសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ឃឹម ចន័្ទឌី បានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមអ្នកម៉ៅការឈូសឆាយដីទាំងអស់ ធ្វើការសហការគ្នាទៅវិញទៅមក និងពន្លឿនក្នុងការឈូសឆាយ ការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់៕