អ្នកឆ្លងកូវីដនៅតែហក់ខ្ពស់! សៀមរាប សម្រេចបន្តបិទផ្សារលើធំថ្មី២សប្ដាហ៍ទៀត

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានសម្រេចបន្ដបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី០៦​ ខែកក្កដា ឆ្នាំ២០២១  បានឱ្យដឹងបន្ថែមថា ការសម្រេចបន្ដបិទផ្សារនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងភូមិសាស្រ្ដទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

គួរបញ្ជាក់ដែរថា ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ ជាសះស្បើយ ៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ដោយឡែក គិតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨១៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៦១៤នាក់ ស្លាប់១៩នាក់ និង ១១៨១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕