កុមារ និងយុវវ័យ អាយុពី១២-១៧ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឆាប់ៗនេះ

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាពេលឆាប់ៗនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឪកាស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ កាលព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

នាឪកាសនោះ សម្តេច ហ៊ុន សែន បានឲ្យដងថា រដ្ឋាភិបាលសម្រេចរួចរាល់ហើយ ថានឹងឲ្យមានការចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ ខណៈជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលមុនគេ។

ឆ្លៀតឪកាសនោះ សម្តេច ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ៕