ក្រុមហ៊ុន LG និង Samsung កំពុងបង្កើតវិធានការណ៍ដើម្បីដោះស្រាយការបំផ្លាញពីកុបកម្មនៅអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ ក្រុមហ៊ុន LG និងក្រុមហ៊ុន Samsungព្យាយាមស្វែងរកវិធានការដែលត្រូវគ្នាដើម្បីស្តារការខូចខាតពីប្រតិបត្តិការរៀងៗខ្លួននៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីមានកុបកម្ម និងការលួចប្លន់នៅទីក្រុង Johannesburg និងតំបន់ជាប់គ្នា។ ការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតី លោក Jacob Zuma កាលពីសប្តាហ៍មុនបានជំរុញឱ្យអ្នកគាំទ្ររបស់គាត់ធ្វើការតវ៉ាដែលបានវិវត្តទៅជាភាពចលាចលនយោបាយបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 72 នាក់គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ

ក្រុមហ៊ុន LG អេឡិចត្រូនិច បានទទួលរងការបំផ្លាញខ្លាំងបំផុតក្នុងចំណោមក្រុមហ៊ុនកូរ៉េនៅទីនោះដោយសារតែរោងចក្រផលិតទូរទស្សន៍របស់ខ្លួននៅទីក្រុងកំពង់ផែ Durban ភាគខាងកើតត្រូវបានដុតបំផ្លាញ និងឃ្លាំងរបស់វាត្រូវបានចូលលួច។ ក្រុមហ៊ុន LG បាននិយាយថា ខ្លួនមិនអាចផ្តល់នូវការប៉ាន់ស្មាននៃទំហំនៃការខូចខាតនោះទេ ប៉ុន្តែបានបញ្ជាក់ថាមិនមានរបាយការណ៍អំពីការខូចខាត និងគ្រោះថ្នាក់ដល់បុគ្គលិកនោះទេ។ ការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់លានលានវ៉ុន។

បន្ថែមពីនេះទៀត ក្រុមហ៊ុន LG បាននិយាយថា រោងចក្រដែលដំណើរការខ្សែសង្វាក់ផលិតកម្មនោះផលិតទូរទស្សន៍ និងអេក្រង់ម៉ូនីទ័រប្រើកម្លាំងកម្មករប្រហែល 100 នាក់។ រោងចក្រនេះត្រូវបានគេប៉ាន់ប្រមាណថាបានផលិតទូរទស្សន៍ LCD និងអេក្រង់ម៉ូនីទ័រចំនួន 50 លានដុល្លារជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុនបាននិយាយថាខ្លួនមិនទាន់សម្រេចចិត្តថាតើការចេញលក់ទូរទស្សន៍របស់ខ្លួនទៅកាន់អាហ្រ្វិកខាងត្បូងនឹងត្រូវដឹកមកពីណាវិញនោះទេ។ ក្រុមហ៊ុន LG អេឡិចត្រូនិចក៏មានរោងចក្រនៅអាស៊ីអាគ្នេយ៍និងអឺរ៉ុបផងដែរ។ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចនេះនឹងសម្រេចចិត្តថា តើគេនឹងបង្កើតរោងចក្រមួយផ្សេងទៀតនៅ Durbanត្រូវប្តូរទីតាំងទៅតំបន់ផ្សេង។ បច្ចុប្បន្ន បុគ្គលិកទាំងអស់ត្រូវបានគេណែនាំឱ្យធ្វើការពីផ្ទះ។

ចំណែកឯឃ្លាំងរបស់ក្រុមហ៊ុន Samsung នៅ KwaZulu-Natal ក៏ត្រូវបានគេវាយកម្ទេចដែរ ប៉ុន្តែរោងចក្រដែលនៅ Durban នៅមានលក្ខណៈដដែលបច្ចុប្បន្ន រោងចក្រនៅទីក្រុង Durban នោះកំពុងត្រូវបង្កើនលក្ខណៈសុវត្ថិភាពឱ្យកាន់តែខ្លាំងជាងមុន

យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា ភាគច្រើននៃការស្លាប់បានកើតឡើងនៅក្នុងការរត់ជាន់គ្នាក្នុងកំឡុងពេលនៃការប្លន់ហាង។ គ្រោះថ្នាក់ផ្សេងទៀតបានកើតឡើងពីការផ្ទុះនៅតាមម៉ាស៊ីនដកលុយអេធីអឹម។ រដ្ឋបាល Cyril Ramaphosa បានដាក់ពង្រាយកម្លាំងដើម្បីបង្ក្រាបភាពវឹកវរដែលក្នុងនោះមានការចាប់ខ្លួនមនុស្សជាង 1200 នាក់នៅនឹងកន្លែង។

កុបកម្មដែលបានបន្តអស់រយៈពេល 5 ថ្ងៃ គឺបណ្តាលមកពីការជាប់ពន្ធនាគាររបស់អតីតប្រធានាធីបតី Jacob Zuma ប៉ុន្តែកុបកម្មហាក់ដូចជាការកើនឡើងកាន់តែខ្លាំង បណ្ដាលឱ្យផ្សារទំនើប ក្រុមហ៊ុន និងរោងចក្រឯកជនជាច្រើនត្រូវបានវាយបំផ្លាញ និងដុតកម្ទេចដោយមានការគាំទ្រពីប្រជាជនក្រីក្រដែលកំពុងជួបការលំបាកនៅពេលដែលជំងឺកូវីដ 19 កំពុងរាតត្បាត និងអត្រាគ្មានការងារធ្វើកាន់តែខ្ពស់ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។

មិនត្រឹមតែប៉ុណ្ណោះ ជាងពាក់កណ្តាលនៃប្រជាជនអាហ្វ្រិកខាងត្បូងចំនួន 60 លាននាក់ត្រូវបានប៉ាន់ប្រមាណថានឹងរស់នៅក្នុងភាពក្រីក្រ។ ប្រទេសនេះមានអត្រាអ្នកអត់ការងារធ្វើមានចំនួន 32,6 ភាគរយនៅក្នុងត្រីមាសទី 1 នៃឆ្នាំនេះដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការស្ទង់មតិដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2008

គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីរូបនោះត្រូវបានជាប់ពន្ធនាគារដោយសារលោកមិនបានចូលរួមសហការក្នុងការស៊ើបអង្កេតរបស់រដ្ឋចំពោះការចោទប្រកាន់ពីអំពើពុករលួយដែលបានកើតឡើងក្នុងអំឡុងពេលអណត្តិប្រធានាធិបតីរបស់លោកពីឆ្នាំ 2009 ដល់ឆ្នាំ 2018។ លោZuma បានចាប់ផ្ដើមទទួលទោសជាប់ពន្ធនាគាររយៈពេល 15 ខែ ប៉ុន្តែកាលពីថ្ងៃព្រហស្បត្តិ៍នេះ ទោសរបស់គាត់ត្រូវបានលុបចោលវិញ៕

ប្រភព៖ Korea times