អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទផ្សារចំនួន២ភ្លាមៗ ក្រោយអាជីវករច្រើននាក់វិជ្ជមានកូវីដ-១៩

អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទផ្សារចំនួន២ ក្នុងឃុំស្រែណូយជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទផ្សារចំនួន០២ក្នុងឃុំស្រែណូយជាបណ្តោះអាសន្ន គឺផ្សារស្រែណូយ និងផ្សារឯកជនដែលនៅទល់មុខគ្នា បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ដែលពួកគាត់ជាអាជីវករ និង ជាអ្នករស់នៅខាងមុខផ្សារទាំងពីរនេះ ដោយសារពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន ។

លោក ធិននី វិធូរ បានឲ្យដឹងទៀតថា ដោយមានការសង្ស័យ នៅព្រឹកថ្ងៃទី១៩នេះ ក្រុមគ្រូពេទ្យបានធ្វើការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើមនុស្សចំនួន២១នាក់ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ហេតុនេះក្នុងករណីនេះ អាចជាប់ពាក់ព័ន្ធជាមួយបងប្អូនអាជីវករ និង បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើនរូបទៀតផងដែរ ។

ដូច្នេះក្នុងឱកាសនេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង អាជីវករនៅផ្សារទាំង២ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់នេះ និងមានការសង្ស័យពីអាការៈមិនស្រួល សូមមកផ្ដល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមួយអាជ្ញាធរ ពិសេសត្រូវធ្វើចត្ដាឡីស័កដោយខ្លួនឲ្យបាន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជាអាជ្ញាធរ ។

លោកអភិបាលស្រុកវ៉ារិន មានប្រសាសន៍បន្ថែមថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈនេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងទូទាំងស្រុក មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះមានមួយចំនួនទៀតបានជាសះស្បើយហើយ ប៉ុន្តែក្រោយពីបានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់នាពេលនេះ រដ្ឋបាលស្រុកបានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីយកវិទ្យាល័យស្រែណូយ ក្នុងឃុំស្រែណូយ ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ៕