ពិតជាព្រហើនមែន ហ៊ានល្មើសបំរាមរាជរដ្ឋាភិបាល ផឹកស៊ីបង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបាឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសម្លេង បង្កភាពអនាធិបតេយ្យ ល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការឃាត់ខ្លួននូវជនបង្កទាំង៣នាក់ខាងលើនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ វេលាម៉ោង២១ និង៣០នាទីយប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឲ្យវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ បំពងសំលេង បង្កភាពអនាធិបតេយ្យនេះ ។

ជាលទ្ធផលសមត្ថកិច្ច បង្រ្កាប និងឃាត់ខ្លួនបានមុខសញ្ញា ០៣នាក់ ក្នុងចំណោមជនមួយចំនួនទៀតដែលបានរត់គេចខ្លួនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងតាមការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងថា ៖ ជនសង្ស័យទាំង៣នាក់រួមមាន ៖ ១. ឈ្មោះ ឡេង ធាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ មេការបន្ទប់ជួល ។ ២. ឈ្មោះ អាត សំអូន ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។ ៣. ឈ្មោះ ប្រុស ស្រីនា ហៅ ស្រីថៃ ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។

វត្ថុតាងរួមមាន ៖ ១- ធុងទឹកកកចំនួន០២ធុង ។ ២- ស្រាបៀរមិនទាន់គាស់ចំនួន ២៤កំប៉ុង ។ ៣- ចាន កែវ និងកំប៉ុងស្រាបៀរមួយចំនួនធំ ។ ៤- ធុងប៉ាស់ ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

គួរបញ្ជាក់ថា ជនបង្ករភេទប្រុសដែលមានឈ្មោះ ឡេង ធាវុធ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នាបង្ហើបប្រាប់ថាជាមនុស្សដែលមានចរឹកកោងកាច មិនស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាននោះទេ ហើយក៏មិនចេះខ្លាចចិត្តអ្នកណានោះឡើយ ដោយជានិច្ចកាលតែងកៀងគរគ្នាជួបជុំផឹកស៊ីជាញឹកញាប់បើទោះបីជាមានការហាមប្រាម និងតម្រូវឲ្យមានការអនុវត្តនូវធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ។

ជាមួយគ្នានេះ ប្រជពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរួមគ្នាបានសំណូមពរដល់មន្ត្រីជំនាញ គួរដាក់ទោសជនម្នាក់នេះ កុំលើកលែងឲ្យសោះ ដើម្បីជាការព្រមានដល់ជនដទៃទៀតឲ្យរៀងចាល់ ក៏ដូចជាលើកកម្ពស់ដល់ការចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា៕