​ក្រសួង​បញ្ជាឲ្យ​​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ ​បញ្ឈប់​ការ​ហៅ​រំខាន​អ្នកប្រើប្រាស់​ដើម្បី​ផ្សាយសេវាកម្ម​

ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ណែនាំ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​ទាំងអស់​ ​ត្រូវ​បញ្ឈប់​រាល់​ការ​រំខាន​ដល់​អ្នកប្រើប្រាស់​ ​តាម​ការ​ហៅ​ចូល​លេខទូរសព្ទ​ចល័ត​ជាបន្ទាន់​ ​ព្រោះ​សេវា​ហៅ​ចូល​នេះ​ពុំ​មានការ​ចុះឈ្មោះ​ប្រើប្រាស់​ជាមុន​ដោយ​អ្នកប្រើប្រាស់​ឡើយ​ ​។​

ជាមួយនឹង​គ្នា​នេះ​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ក៏​ប្រាប់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូ​ដ​ទូរគមនាគមន៍​ទាំងឡាយ​ណា​ ​ដែល​គ្មាន​ការអនុញ្ញាត​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​។​

ការព្រមាន​បញ្ឈប់​ជាបន្ទាន់​នេះ​ធ្វើឡើង​ក្រោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​បាន​រក​ឃើញ​ថា​ ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​មួយ​ចំនួន​បាន​ប្រើប្រាស់​លេខ​កូ​ដ​ខ្លី​ ​ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន​ ​ហៅ​ចូល​ទៅកាន់​អ្នកប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវា​បន្ថែម​ (​VAS​) ​របស់​ខ្លួន​ ​ដោយ​អ្នកប្រើប្រាស់​មិនបាន​ចុះឈ្មោះ​ប្រើប្រាស់​ជាមុន​ ​ដែល​សកម្មភាព​នេះ​បាន​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​និង​ផ្ទុយពី​ឆន្ទៈ​របស់​អ្នកប្រើប្រាស់​ ​។​

​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បញ្ជាក់​ថា​ ​ក្នុង​ករណី​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​ពុំ​អនុវត្ត​តាម​ការណែនាំ​ខាងលើ​នេះ​ទេ​ ​ក្រសួង​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ ​ដោយ​ណែនាំ​ឱ្យ​និយ័ត​ករ​ទូរគមនាគមន៍​ ​បង្កក​រាល់​ការ​ស្នើសុំ​នានា​របស់​ប្រតិបត្តិ​ករ​ទាំងនោះ​ ​ព្រមទាំង​ចាត់វិធានការ​ ​ស្របតាម​មាត្រា​៦​៩​ ​និង​មាត្រា​៧​៨​ ​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ ​។​

សូម​រំលឹក​ថា​ ​ថ្មីៗ​នេះ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ក៏បាន​រក​ឃើញ​ក្រុមហ៊ុន​ ​ស្មា​ត​ ​អា​ស្យា​តា​ ខូ អិ​ល​ធី​ឌី​ (​Smart​ ​A​x​i​at​a​ ​Co​., ​L​t​d​.) ​បាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​កា​របើក​លេខទូរសព្ទ​ដល់​អតិថិជន​ ​ដោយ​បាន​កាត់ផ្តាច់​លេខទូរសព្ទ​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​ ​ហើយ​យកទៅ​លក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ម្ចាស់​ដើម​ ​។​

ប៉ុន្តែ​​ការ​រក​ឃើញ​នេះ​ ត្រូវបាន​ក្រុមហ៊ុន​ ​ស្មា​ត​ ​អា​ស្យា​តា​ ខូ អិ​ល​ធី​ឌី​ (​Smart​ ​A​x​i​at​a​ ​Co​., ​L​t​d​.) ​​ចេញមុខ​សុំទោស​ជា​សាធារណៈ​ ​និង​បាន​​ដាក់​​ពិន័យ​​ដល់​បុគ្គលិក​ម្នាក់ ​ដោយ​​ព្យួរ​​ការងារ​យោង​តាម​​បទបញ្ជាផ្ទៃក្នុង​របស់​​ក្រុមហ៊ុន​ ​ព្រមទាំង​ផ្ដល់​សំណង​ខូចខាត​ដល់​ម្ចាស់​ដើម​ ​និង​ត្រូវធ្វើ​កិច្ចសន្យា​បញ្ចប់​ផង​ដែរ​ ​៕