ខេត្តស្វាយរៀង នឹងកាន់តែស្រស់បំព្រង ខណៈអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ

រដ្ឋបាលខេត្តស្វាយរៀង បានកំពុងពន្លឿនការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ និងការរៀបចំពង្រីកផ្លូវលេខ៣១៤ ដល់ចំណុចផ្លូវជាតិលេខ១ សួនច្បារច្រមុះជ្រូក ក្រុងស្វាយរៀង ដើម្បីលើកកម្ពស់សោភណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រងថែមទៀត។នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃ ទី២ ខែសីហា ឆ្នាំ២០២១។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍ ២០កុម្ភៈ មិនទាន់មានភាពធូស្រាលនៅឡើយ ក៏ផែនការអភិវឌ្ឍន៍ខេត្តរបស់នៅតែបន្តបោះជំហានទៅមុខ។

ជាក់ស្តែង លោកថា ការរៀបចំកែលម្អច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលនឹងគ្រោងរៀបចំក្រាលការ៉ូឡា សួនច្បារ បំពាក់សម្ភារហាត់ប្រាណ ទីតាំងវេទិកាទស្សនាការប្រណាំងទូក និងការរៀបចំភ្លើងបំភ្លឺលម្អ នាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះលោក ក៏បានចុះពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង ៣.៥៨០ម៉ែត្រ ទទឹង១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង  ដើម្បីឱ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា ការងាររៀបចំច្រាំងទន្លេវ៉ៃគោ  បាននិងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើការលើកកម្ពស់សោភណ្ឌភាពក្នុងខេត្តឲ្យ និងរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខុមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី អញ្ជើញមកកម្សាន្តនៅទីនេះផងដែរ៕