ការងារជួសជុលប្រាសាទបាយក្អែក សម្រេចបានជាង៦០%ហើយ គ្រោងនឹងបញ្ចប់ចុងខែកញ្ញា ឆ្នាំនេះ

នាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុលនិងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ពន្ធប្រាសាទឡើងវិញ។ មកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ២ខែខាងមុខ។

លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស  គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ។

សូមជម្រាបដែរថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាគាំពារកេរមត៌កដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕