អាជ្ញាធរសៀមរាប យកផ្លូវបេតុងមុខផ្សារផាមកុងទីន័រ ឲ្យអាជីវករផ្សារលើធំថ្មីលក់ដូរបណ្តោះអាសន្ន

រដ្ឋបាលខេត្តសៀមរាប បានសម្រេចយក ទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ សម្រាប់អោយអាជីវកម្មនៅនៅផ្សារលើធំថ្មី ដាក់លក់ដូរបណ្តោះអាសន្ន ខណៈផ្សារលើធំថ្មីកំពុងបិទ​ដោយសារ​ការរីករាលដាលកូវីដ-១៩។

នេះបើតាមលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានឲ្យដឹងថា  ជាមួយនឹងការរៀបចំនេះ បងប្អូនអាជីវករមួយចំនួនធំបានអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ប៉ុន្តែក៏មានបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ-១៩នៅឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ-១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។

ទន្ទឹមនឹងនេះ លោក ក៏ស្នើសុំយ៉ាងទទូចពីបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាស់ឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល នៅពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះ៕