កម្ពុជា មានប្រភេទសត្វដំរីអាស៊ីមានប្រមាណជិត៦០០ក្បាល កំពុងរស់នៅក្នុងតំបន់៣សំខាន់ៗ

ក្រសួងបរិស្ថាន​ បានឲ្យដឹងថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់ចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។ នេះគឺជាការថ្លែងអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅក្នុងឱកាសទិវាដំរីពិភពលោក ១២ សីហា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុង ការអភិរក្សសត្វដំរី ដែលនៅលេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។

ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

ឯកឧត្តមបានថ្លែងថា ការរិចរិលនៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបង្ហាញសុទិដ្ឋិនិយមថាជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារនិងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមាន សុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ៕